កំពង់ស្ពឺ៖ នាល្ងាចថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងពីធីបុណ្យគម្រប់៧ថ្ងៃ លោកជំទាវ ហុក សត្យា ដែលត្រូវជាកូនស្រីបង្កើត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ។ ពិធីបុណ្យខួបគម្រប់៧ថ្ងៃប្រារព្ធឡើងនៅគេហដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចូលរួមអមតំណើរពីដោយ លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការងរ លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកប្រធានមន្ទីរស្តីទី និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងច្បារមន។
ក្នុងឱកាសដ៏សោកសៅ និងក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានសំណេះសំណាលចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោកជំទាវ ហុក សត្យា ដែលត្រូវជាកូនស្រីបង្កើតរបស់ ឯកឧត្តម យឹម សុខុម គឺជាការបាត់បង់នូវកូនស្រី ប្រពន្ធ ម្តាយ បងស្រីជាទីស្រឡាញ់ និងញាតិមិត្តដ៏ឧត្ដុង្គឧត្តមប្រកបទៅដោយព្រហ្មវិហារធម៌និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនញាតិមិត្ត ព្រមទាំងក្រុមគ្រួសារទាំងមូល។
ជាចុងក្រោយស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ហុក សត្យា សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕








