កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ «ពានរង្វាន់ ប៉ូការី ស្វេត ជើងឯកវិទ្យាល័យ លើកទី៥»
ភ្នំពេញ : នារសៀលថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តភារកិច្ចការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងត្រៀមអន្តរាគមន៍សង្គ្រោះបន្ទាន់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងឱកាសការប្រកួតបាល់ទាត់ស្វែងរកតំណែងជើងឯក «ពានរង្វាន់ ប៉ូការី ស្វេត ជើងឯកវិទ្យាល័យ លើកទី៥» ឆ្នាំ២០២៥-២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងតាមគោលដៅសំខាន់ៗទាំងក្នុង និងជុំវិញបរិវេណពហុកីឡដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សម្រួលចរាចរណ៍ និងបង្កបរិយាកាសល្អប្រសើរ ជូនថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស កីឡាករ កីឡាការិនី សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមទស្សនាយ៉ាងច្រើនកុះករ។
ជាមួយគ្នានេះ កម្លាំងជំនាញក៏បានត្រៀមរួចជាស្រេចនូវមធ្យោបាយ និងក្រុមអន្តរាគមន៍សង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបភ្លាមៗចំពោះហេតុការណ៍ផ្សេងៗដែលអាចកើតមានជាយថាហេតុ ដោយអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងស្មារតីបម្រើប្រជាពលរដ្ឋខ្ពស់។
ការចូលរួមការពារ និងថែរក្សាសន្តិសុខក្នុងព្រឹត្តិការណ៍កីឡាយុវជនដ៏មានសារៈសំខាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងលើកស្ទួយវិស័យកីឡាយុវជននៅកម្ពុជា ឱ្យកាន់តែរីកចម្រើន៕

















