រដ្ឋបាលខេត្ត ស្ទឹងត្រែង ប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ជន្មាយុ៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា
(ខេត្តស្ទឹងត្រែង) ៖ នៅរសៀល ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្តស្ទឹងត្រែង បានប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ជន្មាយុ៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត យុវជនសិស្សានុសិស្ស តាជីយាយជីបានចូលរួមយ៉ាងច្រើនកុះករប្រារព្ធធ្វើនៅសាលប្រជុំ ធំ សាលា ខេត្តស្ទឹងត្រែង។
នៅក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ បានក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ គ្រប់យ៉ាងចំពោះព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយព្រះកាយពលមាំមួនខ្លាំងក្លាព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរដើម្បីព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បន្តព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រពីព្រះករុណាព្រះ មហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីភាពចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង និងសម្បូរសប្បាយប្រកបដោយសុខដុមរមនា របស់មាតុភូមិ អង្គរជាទីស្នេហា និងប្រជារាស្ត្រគ្រប់រូបជាយូរអង្វែងតរៀងទៅ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាល ព្រះសង្ឃ អង្គពិធីក៏បានបួងសួងថ្វាយព្រះពរចម្រើនព្រះជន្ម មានការរាំរបាំថ្វាយព្រះពរពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ជន្មាយុ៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សាផងដែរ៕
ដោយ កុល សារត្ន័ ៖ ស្ទឹងត្រែង ថ្ងៃ ពុធ ទី ១៣ ខែ ឧសភា ឆ្នាំ២០២៦ ។































